យើងគួរកុំភ្លេច កម្មស្សកតា ដែលមានសេចក្តីថា សត្វលោកប្រព្រឹត្តទៅតាមកម្ម ដែលខ្លួនបានធ្វើទុកហើយ។ មនុស្សយើងកើតមកទទួលនូវទ្រព្យមរតករបស់កម្ម ដែលខ្លួនឯងបានសន្សំទុកអំពីជាតិមុន ទ្រព្យមរតក គឺទ្រព្យ របស់អ្នកដែលស្លាប់ទៅហើយ ត្រូវបានមកដល់អ្នកដែលនៅរស់ទទួលយក ក្នុងន័យនេះ អ្នកដែលបានស្លាប់ទៅ ហើយនោះ គឺខ្លួនយើងអំពីជាតិមុនហ្នឹងឯង កាលអំពីជាតិមុនយើងបានធ្វើកម្មអ្វីខ្លះ កម្មនោះមានឱកាសជាបច្ច័យ ក៏បានញាំងផលឲ្យកើតឡើង ជាមរតកឲ្យដល់ខ្លួនយើងដែលជាអ្នកបានធ្វើហើយនោះ ទទួលផ្ទាល់ក្នុងជាតិនេះ មិនមានអ្នកដទៃណាទទួលជំនួសបានទេ ក៏ដូចជាការកើតចាស់ឈឺស្លាប់អ៊ីចឹងដែរ មិនមានអ្នកណាទទួលជំនួស អ្នកណាឡើយ ដូច្នេះក្នុងសេចក្តីនេះ មនុស្សយើងម្នាក់ៗរៀងៗខ្លួន ជាអ្នក
វេចស្ពាយនូវសម្ពាយកម្មត្រាច់រង្គាត់ ក្នុងវដ្តសង្សារ ជាផ្លូវកន្តារឆ្ងាយបំផុត និងក្រៃលែងទៅដោយគ្រោះថ្នាក់
ទៀតផង។
បញ្ជាក់សេចក្តីមកប៉ុណ្ណេះ ព្រោះហេតុនោះ យើងខឹងក្រោធនឹងអ្នកដទៃ តើយើងធ្វើអ្វីគេបាន?
កម្មទាំងឡាយដែលមានទោសៈ ជាហេតុ វារមែងប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសដល់ខ្លួនឯង ជាអ្នកធ្វើតែ
ប៉ុណ្ណោះ ចំណេកអ្នកដទៃ គេទទួលនូវវិបាកកម្មរបស់គេទេតើ មិនមែនយើងធ្វើកម្ម ស្រាប់តែអ្នកដទៃផ្សេង ទទួលផលកម្ម ដែលយើងបានធ្វើនោះឡើយ ម្យ៉ាងទៀត កម្មដែលមានទោសៈ ជាហេតុនេះ នឹងញាំងយើង
ដែលជាអ្នកធ្វើឲ្យ បានសម្រេចនូវសម្មាសម្ពោធិញ្ញាណក៏ទេ បច្ចេកកពោធិញ្ញាណក៏ទេ ឬថាឲ្យបានជា
អគ្គសាវ័ក មហាសាវ័ក ព្រះឥន្ទព្រះព្រហ្ម ឬទេវតាថ្នាក់ណាមួយក៏ទេដែរ បន្តមកទៀត សូម្បីតែឲ្យបានត្រឹម
កំណើតមនុស្ស មិនបានខ្ពង់ ខ្ពស់ក៏ហីទៅចុះ ក៏ទេដែរ ចំពោះអំពើកម្មដែលមានទោសៈជាហេតុនេះ មានតែ
ញាំងយើងឲ្យឃ្លាតចាកអំពីព្រះសាសនា និងញាំងទុក្ខផ្សេងៗដ៏ខ្លាំងក្លា មានទុក្ខក្នុងនរកជាដើម ឲ្យដល់យើង
តែប៉ុណ្ណោះ។ យើងប្រាថ្នា ឲ្យអ្នកដទៃរលាកភ្លើង ដោយខ្លួនយើងផ្ទាល់លោតចូលក្នុងរណ្តៅរងើកភ្លើង យើងចង់ឲ្យអ្នកដទៃស្អុយ ដោយការលោតចូលក្នុងរណ្តៅលាមកខ្លួនឯង ទាំងនេះគឺជាអំពើល្ងង់ខ្លៅ
របស់អ្នកល្ងង់មែនទែន យ៉ាង ណាមិញ ការប្រព្រឹត្តធ្វើនូវអំពើកម្ម របស់អ្នកដែលខឹងក្រោធ ក្នុងបំណងបៀត
បៀនអ្នកដទៃ ក៏មានន័យយ៉ាង នោះឯង។
បុគ្គលពាលណា ប្រទូស្តរ៉ាយដល់បុគ្គលដែលបរិសុទ្ធ មិនមានការគិតអាក្រក់ ផលដ៏សែនក្តៅក្រហាយ ក៏រមែងត្រឡប់មកដល់បុគ្គលពាលនោះឯងវិញ ដូចធូលីដែលល្អិតផង់ ដែលបុគ្គលបាចបញ្ច្រសខ្យល់ ក៏រមែងត្រឡប់មកដល់បុគ្គលអ្នកបាចនោះវិញ អ៊ីចឹងឯង។
(ដកស្រង់ចេញពី ជំនួយសតិភាគ ៦)
ផ្លាកៈ
ផ្សព្វផ្សាយ
You need to be a member of ព.ធ to add comments!
Join this Ning Network