១. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ ដោយ អាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់​ទៅដោយប្រការ​ណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិន​ឃើញទេ ត្រូវចេះ ទទួលស្គាល់ការពិតផង ត្រូវចេះហាមប្រាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធ​ខឹងកុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខ របស់យើងទៅជាមួយផងដោយពិត។

២. ចេះជួសជុលរបស់ដែលខូច ឬចាស់
វត្ថុសម្រាប់ប្រើទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាតទៅដោយឥតមានសេស សល់ឡើយ​ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នាក់ថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវ ខាតប្រាក់ក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏ អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន។ របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើ​លែងបាន​នោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរស័ព្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មម​សមគួរនឹង ប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបាន ដោយស្រួលទៅហើយ ប៉ុន្តែដោយចង់ដេញម៉ូតដេញសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លាទៀត ដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមដើម្បីប្រយោជន៍​រស់នោះ​ទេ គឺថា ប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត។ ចំណែកភិក្ខុសាមណេរ ត្រូវតែគិតអំពី​បញ្ហា​នេះ កុំភ្លេចខ្លួនឲ្យសោះ។ បុរសនារីសង្ហារ មិនមែនដោយសារទូរស័ព្ទទេ ដូចពាក្យបូរាណពោលថា ស្រីស្រស់ព្រោះចរិយា ប្រុសសង្ហារព្រោះវិជ្ជា។ ចំណែកបព្វជិត ក៏មិនមែនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជា ខ្វះចរិយា ដូចផ្លែល្វាល្អតែក្រៅ។​ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះ មិនចេះយំទារចំណីស៊ីទេ គប្បីតែថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងមិនអាចត្រូវការវាជាក់ជាមិនខាន។

៣. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើង មិនមែនបរិភោគតែមួយពេល ហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូច ថ្ងៃនេះ។

៤. មិនតាំងបុរសឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះ សំដៅយកបុរសស្រ្តីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្ត ប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់ ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចជានៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភវសូត្រ ទី ៦ គាថាទី ១១ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា (ឥត្ថីសណ្ឌឹ វិកិរណី បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ) ប្រែថា បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស បែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជា កញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ។

(ដកស្រងចេញពីសៀវភៅ ប្រយោជន៍បីប្រការ របស់ភិក្ខុ ជិរប្បញ្ញោ សាន សុជា)
(បញ្ចូលអត្ថបទ ដោយភិក្ខុ ឧត្តមបញ្ញា)

ផ្សព្វផ្សាយ 

បញ្ចេញយោបល់

You need to be a member of ព.ធ to add comments!

Join this Ning Network

បណ្តាញ ជ.ណ

Loading feed

ស្លាកសញ្ញា

កំពុងដោនឡូត

ពត៌មានបារាំងជាខេមរភាសា

Loading feed

ព័ត៌មានវិទ្យុអាស៊ីសេរី

Loading feed

ចំនួនអ្នកចូលទស្សនា

free counters

© 2009   Created by ភិក្ខុ​​ឧត្តមបញ្ញាបទីបោ on Ning.   Create a Ning Network!

ផ្លាកសញ្ញា  |  Report an Issue  |  ភាពឯកជន  |  Terms of Service